រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូង មេបញ្ជការកងកម្លាំងទាំងបី មេបញ្ជាការឈរជើងតាមបណ្តោយព្រំដែន លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេបញ្ជាការកងកម្លាំងក្រុង ស្រុក និងមន្រ្តីជាច្រើនរូប ។


ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍លើកឡើងនូវស្ថានការណ៍អន្តរជាតិគឺបញ្ហា ជម្លោះរុស្សី-អ៊ុយក្រែន បញ្ហាសមុទ្រវចិនខាងត្បូង ជាដើម ។ក្នុងនោះដែរឯកឧត្តមបានលើកឡើងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមគាំទ្រឲ្យមានការកាត់ទោស ចំពោះ ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងអ្នករួមគំនិតឲ្យជាប់ពន្ធនាគារអស់មួយជីវីត លើអំពើក្បត់ជាតិកាត់ទឹកដី៤ខេត្តឲ្យក្រុមជនជាតិដើមភាគតិច ម៉ុង តាញ៉ា ។ បន្ថែមពីនោះឯកឧត្តមក៏បានលើកឡើងពីការត្រៀមលក្ខណៈស្តារឡើងវិញការខូចខាតស្រូវ របស់ប្រជាពលរដ្ឋក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលខូចខាតដោយទឹកជំនន់ ។ជាចុងក្រោយឯកឧត្តម បានដាក់ចេញនូវវិធានការមួយចំនួនក្នុងការយកទៅអនុវត្តបន្តរួមមាន៖ ត្រូវចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាបទល្មើសផ្សេងៗទៀត ពិសេសពីទឹកដីឡាវ ,បន្តពង្រឹងនិងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការបង្ក្រាបការចរាចរណ៍គ្រឿងញៀន បង្ក្រាបបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសងខុសច្បាប់ផងដែរ ។

អត្ថបទទាក់ទង