រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម គីម រិទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)

នៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ៧ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិព្រះវិហារនៅសណ្ឋាគារ sofitel ខេត្តសៀមរាប។

កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយផ្តោតលើការពិភាក្សាអំពីការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ។ បន្ទាប់ពីបានស្តាប់នូវបទបង្ហាញវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍របស់អ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិមកពីភ្នាក់ងារសិក្សាស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI), សាលាចុងបូព៌ាបារាំង (EFEO), សកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន និងសកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា អង្គប្រជុំបានអនុម័តអនុសាសន៍ ICC-Preah Vihear ដើម្បីប្រើប្រាស់ធ្វើជាឯកសារគោលសម្រាប់ការអនុវត្តការងារនាពេលខាងមុខ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយរបស់មូលនិធិសម្រាប់ការអភិរក្សវប្បធម៌សហរដ្ឋអាមេរិកដែលបានសម្រេចបន្តផ្តល់ថវិកាចំនួន ៣៦០.៨០៤ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ដល់អាជ្ញាធរជាតិព្រះវិហារ សម្រាប់គម្រោងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៤។ អង្គប្រជុំអបអរសាទរចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានផ្តល់ជំនួយបច្ចេកទេសដោយបានបញ្ជូនអ្នកជំនាញការភ្នាក់ងារសិក្សាស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) មកសិក្សាស្រាវជ្រាវជួសជុលគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ ហើយនឹងរៀបចំទីស្នាក់ការរបស់អ្នកជំនាញការឥណ្ឌានៅខេត្តព្រះវិហារក្នុងពេលឆាប់ៗខាងមុខនេះ។ ICC-Preah Vihear ធ្វើការកត់សម្គាល់ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់អង្គការ World Vision Japan ចំនួន ៦៤៨.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់គម្រោងសេវាសុខភាព អាហារ ទឹកស្អាត និងអនាម័យ នៅក្នុងខេត្តព្រះវិហារក្នុងឆ្នាំ ២០២២។

អត្ថបទទាក់ទង