រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន បណ្ដាខេត្តមួយចំនួន ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូប ។
មានប្រសាសន៍ស្វាគមន៍លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្ដែងការសាទរចំពោះវត្តមានប្រតិភូក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ដែលបានអញ្ជើញមកពីបណ្ដាខេត្តមួយចំនួន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកស្រីប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាពនៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព ។
លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង អំពីសេវាគាំពារនិងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំណើតរហូតដល់អាយុក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំសុខភាពរបស់មាតានិងដំណោះស្រាយនានាចំពោះការប្រឈមរបស់កុមារតូចនិងមាតាចាប់ពីមានផ្ទៃពោះរហូតដល់សម្រាល ។លោកជំទាវក៏បានបន្ថែមទៀតថា កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ។
មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌ មានបានបញ្ជាក់ថា កុមារចាប់តាំងពីចាប់កំណើតរហូតដល់ពេលប្រសូត និងដល់អាយុក្រោម ០៦ឆ្នាំគឺទាមទារឲ្យមានការថែទាំយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយដើម្បីបង្កើនភាពស្និតស្នាលនឹងមានភាពរឹងមាំផ្នែកអារម្មណ៍បញ្ញាស្មារតីទាំងនេះគឺការចាប់ផ្ដើមនៃការអភិវឌ្ឍរបស់កុមារតូចឆ្លើយតបនឹងបញ្ហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅគោលនយោបាយជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចដែលមានការសហការជាមួយក្រសួងពាក់ព័ន្ធនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ក្រសួងព័ត៌មានសិក្ខាសាលាបានបន្តអនុវត្តយ៉ាងសកម្មទៅតាមកម្មវិធីនិងរបៀបវារៈដែលបានគ្រោងទុក ៕