រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រង្វង់មូលស្រអែម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយនឹង ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានវត្តមានចាស់ព្រឹទ្ធិចារ្យ អាជ្ញាធរដែន និងប្រជាពលរដ្ឋ បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសែនក្រុងពាលីនៅរង្វង់មូលស្រអែមមុនពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា។

នៅពេលរសៀលថ្ងៃខែឆ្នាំដដែលនោះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយនឹង ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម ។ ជាមួយគ្នានោះផងដែរ ក៏វត្តមានវត្តមានគណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើន។

សមិទ្ធផលថ្មីមួយនេះ ចាប់ផ្ដើមការសាងសង់ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ និងបញ្ជប់ការសាងសង់ជាស្ថាពរទាំងស្រុងនៅ ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២០។ រង្វង់មូលនេះ មានអង្កត់ផ្ចិតប្រវែង៤០ម៉ែត្រ ផ្ទៃក្រឡា ១,២៥៦ ម៉ែត្រការ៉េ បរិមាត្រប្រវែង១២៥.៦៦ ម៉ែត្រ រូបសំណាកតួប្រាសាទនៅចំកណ្ដាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ ប្រាសាទព្រះវិហារ ហើយរូបសំណាកដែលស្ថិតនៅចំកណ្ដាលរង្វង់មូល មានទំហំស្មើនឹង ៧០%នៃតួប្រាសាទដើម ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៦២ ជាចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។

សំណង់ដ៏គួរជាទីស្ងប់ស្ញែងនេះ គឺមានការផ្ដួចផ្ដើមកសាងឡើងដោយ ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ហើយដឹកនាំអនុវត្តការសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារផ្ទាល់ ដោយចំណាយថវិកាប្រមាណ ៥០០,០០០,០០០ រៀល(ប្រាំរយលានរៀលគត់) ដែលស្មើនឹងប្រមាណ ១២៥,០០០$ (ដប់ពីរម៉ឺនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិច)។ ដោយថវិកានេះទទួលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងអស់ រួមមាន៖
១. ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និង លោកជំទាវ
២. ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីក្រោមឱវាទ
៣. ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ
៤. ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និង លោកជំទាវ
៥. ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
៦. ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ និងសហការី
៧. ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងសហការី
៨. លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ
៩. លោក មាស ធីបញ្ញា ឧបត្ថម្ភនូវសម្ភារហាត់ប្រាណបំពាក់នៅទីធ្លារង្វង់មូល
១០. លោក កែវ ងួនឧបត្ថម្ភនូវថាមពលអគ្គិសនីបំភ្លឺរយៈពេល២ឆ្នាំ
១១. ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត

ឯកឧត្តមទេសរដ្ឋមន្ត្រី ពិតជាមានមោទនភាព និងបានសម្ដែងការអបអរសាទរនូវសមិទ្ធផលថ្មីមួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថាការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរង្វង់មូលស្រអែមនេះគឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីការចូលរួមសាមគ្គីគ្នាដ៏អស្ចារ្យដែលសកិ្ដសមនឹងពាក្យមួយឃា្លថា «ខ្មែរធ្វើបាន» និងព្រមទាំងបានបំពាក់នូវគ្រឿងឥស្សរិយយស និងប្រគល់បណ្ណសរសើរជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនដែលមានស្នាដៃល្អនាពេលកន្លងមក សរុបចំនួន៣៧រូបផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងឯកឧត្តមអភិបាលខេត្ត បានធ្វើការសំដែងនូវការអបអរសាទរ និងការកោតសរសើរដូចៗគ្នាចំពោះសមិទ្ធផលថ្មីមួយនេះ ព្រមទាំងបានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃមុខនឹងមានគម្រោងជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ហើយឯកឧត្តមបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលតំណាងខេត្តនិងជាតិមួយនេះ ឱ្យបានស្រស់ស្អាតយូអង្វែង និងបានជូនពរឱ្យពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា។ ចុងបញ្ចប់កម្មវិធីឯកឧត្តមទេសរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអ្នកតំណាងរាស្រ្ត ព្រមទាំងគណៈប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម រូបសំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ ចាប់ពីពេលនោះតទៅ។

អត្ថបទទាក់ទង