រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

គ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិកំឡុងពេលរីករាលដាលកូវីដ១៩ ចំនួន១២៣០គ្រួសារ ទទួលគ្រឿងឧបភោគបរិភោគពីឯកឧត្តមអភិបាលខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី 4 ខែឧសភាឆ្នាំ 2021 ឯកឧត្តមប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកប្រគល់ជូនរដ្ឋបាលស្រុកសង្គមថ្មី ស្រុកគូលែន និងស្រុកត្បែងមានជ័យ ដើម្បីបន្តទៅចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ១.២៣០គ្រួសារ ។

មានប្រសាសន៍គ្នាកាលនោះឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថាកាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អំណោយជាគ្រឿង ឧបភោគបរិភោគ ជូនមករដ្ឋបាលខេត្តព្រះវិហារយើងសរុបចំនួន ១.៣៨១គ្រួសារផងដែរ ។រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានបន្តផ្តល់ជូនទៅរដ្ឋបាល ស្រុករវៀងចំនួន២០០គ្រួសារ. ស្រុកឆែប,ចំនួន ១៥០គ្រួសារ, ស្រុកជ័យសែន ចំនួន ១៥០គ្រួសារ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ២០០គ្រួសារ, ក្រុងព្រះវិហារចំនួន ២០០គ្រួសារ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន៤៨១គ្រួសារ ដើម្បីចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់អភិបាលក្រុង ស្រុកត្រូវនាំយកទៅបន្តចែកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនក្នុងសហគម និងមូលដ្ឋានស្រុករបស់ខ្លួនជ្រើសរើសមុខសញ្ញាឲ្យបានចំគោលដៅពិតប្រាកដនិងចុះចែកដោយផ្ទាល់តាមខ្នងផ្ទះ ឬប្រមូលផ្តុំជាក្រុមតូចៗ ដោយគោរពទៅតាមវិធានការ របស់ក្រសួងសុខាភិបាល ។សំដៅធានាបានការចែកអំណោយនេះ ពិតឆ្លើយតបបាននៅការ ខ្វះខាតពិតប្រាកដ មានតម្លាភាព និងមានអំណរសាទរនៅមូលដ្ឋាន។

អំណោយដែលប្រគល់ជូននាពេលនោះក្នុងមួយគ្រួសារៗរួមមាន អង្ករ ៣០គក ត្រីខកំប៉ុង ៦កំប៉ុង មីខ្លាឃ្មុំ ០,៥ (កន្លះកេះ) ទឹកស៊ីអីវ ០១យួរ និងក្រម៉ាធំ០១។

អត្ថបទទាក់ទង