នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជការតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចំពោះអជ្ញាធរ កងកម្លាំង និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមសហការគ្នាល្អក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងបទល្មើសគ្រឿងញៀនទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសការប៉ុនប៉ង ចរាចរគ្រឿងញៀនពីទឹក្នុងដីប្រទេសឡាវឆ្លងចូលមកកាន់ប្រទេសកម្ពុជាយើងម្តងហើយម្តងទៀត ទន្ទឹមជាមួយគ្នានេះ សភាពការណ៍ព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងរយៈពេលកន្លងមក ចាប់តាំងពីភាគីថៃបិទច្រកទ្វារតំបន់អានសេះនាដើមឆ្នាំ២០២០ ដោយសារបញ្ហាជំងឺកូវីដ១៩ ដោយឡែកសភាពការណ៍ព្រំដែនកម្ពុជា ឡាវ ៖ មានការទំនាក់ទំនងគ្នាបានល្អប្រសើរ ដែលមាន ការឆ្លងកាត់ និងផ្លាស់ប្តូរទំនិញបែបជាច្រកប្រពៃណី រវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ ថ្មីៗនេះផងដែរ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ពលករកម្ពុជា ដែលវិលត្រឡប់ពីប្រទេសថៃ ចូលទៅតាមច្រកព្រំដែនឡាវ រួចបន្តចូលមកក្នុងទឹកដីកម្ពុជាតាម ច្រកប្រពៃណីកំពង់ស្រឡៅមួយ ស្រុកឆែបយើងនេះ អាជ្ញាធរស្រុក កងកម្លាំង និងមន្រ្តីជំនាញ បានធ្វើការឹតបន្តឹងមនុស្សឆ្លងកាត់ និងការផ្លាស់ប្តូរទំនិញមួយរយៈពេល។ អាជ្ញាធរខេត្ត ស្រុក និងមន្រ្តីជំនាញសុខាភិបាល បានចុះអប់រំ និងណែនាំបងប្អូនប្រជាពលរដ្ឋ អំពីរបៀបនៃ ការផ្លាស់ប្តូរទំនិញតាមរបៀបថ្មី ដែលត្រូវធានាបានតាមវិធានការរបស់សុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការដូចខាងក្រោម៖ ១/. ស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខិតខំអនុវត្តការងារស្នូលរបស់ខ្លួន សូមឲ្យសមត្ថកិច្ចជំនាញគ្រប់ ប្រភេទអនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតនូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ រយៈពេល ១ឆ្នាំ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។លើសពីនេះទៅទៀត ស្ថិតក្នុងដំណាក់កាលដែលប្រទេស យើងកំពុងតែរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ផង និងការចំណាកស្រុករបស់ពលករឆ្លងចូលមកក្នុង ប្រទេសវិញផង ឯកឧត្តមអភិបាលបានប្រគល់ជូនលោក ស៊ូ សិរី អភិបាលរងខេត្តរៀបចំក្រុមការងារ ទៅទទួលពលករនៅព្រំដែន អាជ្ញាធរក្រុង ស្រុក និងមន្ទីរសុខាភិបាល ត្រូវពិនិត្យ និងរៀបចំមណ្ឌល ចត្តាឡីស័កឲ្យបានសមស្រប សម្រាប់ត្រៀមទទួលពលករដែលត្រូវបញ្ជូនពីព្រំដែនថៃមក ។ តាមដាន ស្រាវជ្រាវ និងផ្តល់ព័ត៌មាន ព្រមទាំងមានដំណោះស្រាយឲ្យបាន ទាន់ពេលវេលា ចំពោះបុគ្គលណាម្នាក់ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ឬ សង្ស័យ ថា មានជំងឺកូវីដ ១៩ ដែលមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត ជាប្រធានក្រុមការងារ ។ សូមឲ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នាឲ្យបានល្អជាមួយអាជ្ញាធរក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សារណៈឲ្យបានល្អក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសជំរុញការ អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែកលមានលក្ខណៈទាំង ០៧ចំណុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ក្នុងនោះដែរឯកឧត្តមក៏បានប្រកាសជ័យលាភីក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពកាលពីឆ្នាំ២០២០ ព្រមទាំងផ្តល់ប្រាក់រង្វាន់ និងលិខិតសរសើរដោយជ័យលាភីប្រភេទ ១ ចំនួន ៣៤ឃុំ សង្កាត់ ៖ ត្រូវទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០រៀល ជ័យលាភីប្រភេទ ២ ចំនួន ១៣ឃុំ សង្កាត់ ៖ ត្រូវទទួលបានប្រាក់រង្វាន់ចំនួន ៦៥០.០០០រៀល ជ័យលាភីប្រភេទ ៣ ចំនួន ០៣ឃុំ ៖ត្រូវទទួលបានប្រាក់រង្វាន់ចំនួន៤៥០.០០០រៀល និងឃុំពុំទទួលបានជ័យលាភី ចំនួន ០១ឃុំ ៖ រដ្ឋបាលខេត្តផ្តល់ថវិកាលើកទឹកចិត្ត ចំនួន ៤០០.០០០រៀល ។ហើយថវិកាទាំងអស់នេះ នឹងប្រគល់ជូនទៅលោកអភិបាលក្រុង ស្រុក ដើម្បីបែកចែកបន្តដល់រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាល ។