រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ទទួលជួបស្វាគមន៍ប្រតិក្រសួងសុខាភិបាលដឹកនាំដោយលោកជំទាវឱ វណ្ណ ឌីន

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ទទួលជួបស្វាគមន៍គណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប ។

ក្នុងប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងអំណរគុណដល់ប្រតិភូក្រសួងសុខាភិបាល ដែលបានចំណាយពេលដ៏មានតម្លៃចុះមកពិនិត្យជាក់ស្តែងលើស្ថានភាពនៅតាមបណ្តាខេត្ត ជាពិសេសខេត្តព្រះវិហារដែលនៅជាប់ព្រំដែនប្រទេសថៃ និងឡាវ ។ហើយឯកឧត្តមបានជម្រាបជូននូវស្ថានភាពនៃជំងឺ១៩ ក្នុងខេត្តព្រះវិហារ ដែលបានធ្វើតេស្តសំណាកចំនួន៥១៩នាក់ ស្រី១៧៧នាក់ ក្នុងនោះអវិជ្ជមានចំនួន៥០៧នាក់ ស្រី១៧៤នាក់ និងលទ្ធផលវិជ្ជមាន០២នាក់ និងបានជាសះស្បើយត្រលប់ទៅផ្ទះវិញ ។ចំពោះប្រជាពលរដ្ឋចំណាកស្រុកវិលត្រឡប់ពីក្រៅប្រទេសនានាសរុប៨១៣នាក់ ក្នុងនោះបានធ្វើចត្តាឡីស័កដោយរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន២៩១នាក់ និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន៥២២នាក់ ។ឯកឧត្តមអភិបាលខេត្តបន្ថែមថា ដើម្បីត្រៀមបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានត្រៀមសម្រាប់មណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុប ៧កន្លែង ក្នុងនោះកម្រិត១ចំនួន៦កន្លែង និងកម្រិត២ចំនួន១កន្លែង  ព្រមទាំងបានផ្តល់នូវថវិកាលើកទឹកចិត្តដល់មន្រ្តីប្រចាំការ និងក្រុមគ្រូពេទ្យផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថ្លែងការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលបានលើការងារទប់ស្កាត់ជំងឺcovid 19 កន្លងមក ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាល ជាក់ស្តែងខេត្តបានទប់ស្កាត់បាននូវនូវការរីករាលដាលជំងឺនេះ ដែលកន្លងមកខេត្តព្រះវិហារឆ្លងជំងឺកូវីដ១៩ តែ២ករណីប៉ុណ្ណោះរហូតដល់បច្ចុប្បន្ននេះ ។បន្ថែមពីនេះទៀត លោកជំទាវវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់ ថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាល ត្រូវបន្តដាក់វិធានការបន្ថែមលើការងារទប់ស្កាត់បង្ការ បើទោះបីជាស្ថានភាពមានភាពធូរស្រាលឡើងនៅកម្ពុជា ផ្ទុយទៅវិញប្រទេសនៅលើពិភពលោក នៅតែមានការកើនឡើងជាប្រចាំថ្ងៃនូវការឆ្លងជំងឺកូវីដ១៩នេះ ។ ជាងនេះទៅទៀត ខេត្តព្រះវិហារជាខេត្តជាប់ព្រំដែននិងគោលដៅទេសចរណ៍សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទាំងនេះជាសញ្ញាប្រឈម ងាយឆ្លងជំងឺកូវី១៩ ដូច្នេះ ក្នុងនាមក្រសួងសុខាភិបាល សូមស្នើសុំជម្រុញឲ្យមានវិធានការបន្ថែមទៀត ការគ្រប់គ្រងពលករ ចេញចូលតាមច្រកព្រំដែន និងការធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ ។

អត្ថបទទាក់ទង