នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពីការប្រកាស និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ ដោយមានអញ្ជើញចូលរួមក្នុងពិធីប្រកាសរួមមាន ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាព ប្រធានប៉ុស្ដិ៍សុខាភិបាលទូទាំងខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ អង្គការដៃគូ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធសរុបចំនួន ២១០នាក់។
មានប្រសាសន៍ស្វាគមន៍នោះ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តបានឡើងអានរបាយការណ៍ អនុវត្តការងាររបស់ខ្លួនកន្លងមក ព្រមទាំងទិសដៅការងារ ជាពិសេសបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយះការចុះផ្សព្វផ្សាយដល់មូលដ្ឋាន កាតត្រៀមសម្ភារៈ បរិក្ខាបច្ចេកទេស ពង្រឹងការចេញចូលពលករ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តបានឡើងពីគោលបំណងពិធីផ្សព្វផ្សាយនេះគឺដើម្បីឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល យល់កាន់តែច្បាស់ពីការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចប្រកបដោយទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាពសរ្បតាមគោលការណ៍ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល។ឯកឧត្តមបន្តថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មី ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ត្រូវទទួលខុសត្រូវចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចំពោះការផ្តល់សេវា សុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានការទទួលខុសត្រូវផ្ទាល់ចំពោះក្រុមប្រឹក្សា និងគណៈអភិបាល ក្នុងការគ្រប់គ្រង ចាត់ចែងការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្តល់សេវាសុខាភិបាលដែលប្រគល់ទៅឲ្យរដ្ឋបាលខេត្ត។
ឯកឧត្តមបានបន្តទៀតថា ថ្នាក់ជាតិ បានប្រគល់ឲ្យរដ្ឋបាលខេត្ត ទាំងធនធាន ហិរញ្ញវត្ថុ បុគ្គលិកនិងរចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលនេះជាការអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ និងវិសហមជ្ឍការ ការផ្ទេរសិទ្ធអំណាច ការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត គឺដើម្បីបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណតិទី៦នេះ ។
ជាចុងក្រោយ ឯកឧត្តម ស្នើឲ្យអភិបាលក្រុ ស្រុក មន្ទីរពាក់ព័ន្ធ បន្តចូលរួមក្នុងសកម្មភាពទប់ស្កាត់ជំងឺកូវីដ ១៩ ដែលបច្ចុប្បន្នកំពុងរីករាលដាលពេញសកលលោក តាមរយះផ្សព្វផ្សាយ អប់រំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាយោងប្រកាសអន្តរក្រសួងលេខ១៥២ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕