រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារនិងប្រធានរាជបណ្ឌិត្យសភាអញ្ជើញដាំកូនឈើ មួយពាន់ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ពិធីដាំកូនឈើចំនួន ១០០០ដើម បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ 

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» ពិធីនេះរៀបចំឡើងដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកម្ពស់ឱ្យមានចូលរួមដាំដើមឈើពីមហាជនបន្ថែមទៀត។ឯកឧត្តមបានបន្ថែមក្រោមគោលនយោបាយដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ  បានប្រែក្លាយខេត្តព្រះវិហារ មានភាពល្បីរន្ទឺ និងអភិវឌ្ឍលើគ្រប់វិស័យមិនត្រឹមតែប៉ុណ្ណោះ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាតំបន់ប្រវត្តិសាស្រ្តនាសម័យបុរាណ ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប  ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស / រកត / ០៤១៤ / ៤៣៦ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានផ្ទៃដី១១.៤៣៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំឆែប មួយ និងឃុំឆែបពីរ ស្រុកឆែប។ ហើយការប្រារព្ធពិធីដាំកូនឈើនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ  នូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

  លើសពីនេះ ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការទន្ទ្រានដី និងកាប់ឈើខុសច្បាប់ក្នុងតំបន់ឧទ្យាន  ជួយពន្លត់ភ្លើងឆេះព្រៃ គាំពារសុវត្ថិភាព មន្រ្តី និងបុគ្គលិក ក្នុងឧទ្យាន និងសូមចូលរួមថែរក្សា ការពារឧទ្យាននេះ ដើម្បីទុកជាសម្បត្តិរួម តកូនតចៅជំនាន់ក្រោយ និងជាប្រភពចំណូលមិនចេះរីងស្ងួត សម្រាប់បងប្អូន និងកូនចៅ តរៀងទៅ។ 

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប​ មានគម្រោងដាំកូនឈើចំនួន ១លាន ដើម ក្នុងរយៈពេល ៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០  ឧទ្យានបានដាំកូនឈើចំនួន ១៥០,៧២០ដើម លើផ្ទៃដី ៩២ហិកតា។

អត្ថបទទាក់ទង