រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្តចំនួន ៩៩គ្រួសារ ទទួលបានដីឡូតិ៍កសិកម្មពីឯកឧត្តម អភិបាលខេត្ត

ដោយ admin@preahvihear.gov.khចំនួនទស្សនា (793)

នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍ កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៩៩ គ្រួសារ ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។

ក្នុងឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានមានប្រសាសន៍ថាក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ តាមស្មារតីនៃអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០០៣ ស្តីពីសម្បទានដីសង្គមកិច្ច គឺជាជំហានមួយថ្មីនៃការកែទម្រង់ដីធ្លីដ៏ស៊ីជម្រៅ ដើម្បីដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លី ឲ្យមានសុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្មដើម្បីធ្វើអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ស្របនឹងលទ្ធផលវិជ្ជមានដ៏ធំធេងដូចលើកឡើងខាងលើនេះ ក៏មានជនខិលខូច ជនឱកាស និយមមួយចំនួន បានឆ្លៀតចូលទៅកាប់រានទន្រ្ទានដី ថ្មីៗ ហើយទាមទារឲ្យអាជ្ញាធរទទួលស្គាល់។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាល់ការកាប់រាន បែបអនាធិបតេយ្យ  ឬការទាមទារដីធ្លីដែលមិនបានកាន់កាប់ ប្រើប្រាស់ជាក់ស្តែង   ដោយគ្រាន់តែសំអាងមូលហេតុផ្សេងៗ គឺពុំអាចដោះស្រាយបានទេ។ អ្នកទាំង នោះ ត្រូវដាក់ពាក្យសុំទៅអាជ្ញាធរលំនៅដើមរបស់ខ្លួន ឲ្យបញ្ជាក់អត្តសញ្ញាណ ជាគ្រួសារក្រីក្រ ដែលខ្វះខាតដី និងត្រូវការដីពិតប្រាកដ ដើម្បីឲ្យអាជ្ញាធរអាចដោះស្រាយ នូវសម្បទានដីសង្គមកិច្ច ទៅតាម លទ្ធភាព និងទីតាំងដីធ្លីសមស្របជាក់ស្តែងដែលមាន។ 

មុនបញ្ចប់ឯកឧត្តមអភិបាលខេត្តស្នើសុំបងប្អូន រក្សាឱ្យ បាន នូវ អនាម័យរស់នៅ ស្អាត លាងដៃ ឱ្យ បានញឹកញាប់ជាមួយសាប៊ូ ឬ ទឹកអាល់កុល ជាពិសេស ត្រូវ រក្សាគម្លាត ឱ្យនៅ ឆ្ងាយពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ កុំ និយាយ ក្បែរ គ្នា ឬត្រូវ ពាក់ម៉ាស ឬ មានក្រមាខ្ទប់មាត់ ពេល និយាយ ឬក្អក ទៅ អ្នកដទៃ ដើម្បី ការពារ កុំ ឱ្យ ឆ្លងជំងឺកូវីដ១៩នេះ ។ ចំណែក ឯ អាជ្ញាធរមានសមត្ថកិច្ច សូម បន្តការយកចិត្តទុកដាក់ អនុវត្តវិធានការ ដែលមាន ស្រាប់ កន្លងមក កុំ បន្ធូរដៃ គឺ ធ្វើរហូត ដល់ ពិភពលោក មាន សភាព ប្រសើរឡើង និង រកវ៉ាក់សាំង ឃើញ ដើម្បី ការពារអាយុជីវិត បងប្អូន ប្រជាពលរដ្ឋយើង ។ 

បន្ថែមពីនេះឯកឧត្តមស្នើសុំប្រជាពលរដ្ឋដែលបានទទួលដីកសិកម្មទំហំ ២ ហិកតា មានសិទ្ធិប្រើប្រាស់  អាស្រ័យផល ផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទ ណា មួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។ អ្នកទទួល ដីត្រូវប្រើប្រាស់ដីធ្វើកសិកម្មដាំដំណាំ ឬចិញ្ចឹមសត្វលើផ្ទៃដីជាក់ស្តែងយ៉ាងហោចឱ្យ បាន ២៥% ក្នុងមួយឆ្នាំ ឬ ស្មើនឹង កន្លះហិកតា ក្នុងមួយឆ្នាំៗ មានន័យថា ត្រូវ ប្រើប្រាស់អាស្រ័យផល ឱ្យ គ្រប់ ២ ហិកតា ក្នុង   រយៈពេល ៤ឆ្នាំ ។ក្នុងរយៈពេល ០៥ ឆ្នាំ ដំបូង បន្ទាប់ពីបានទទួលដីសម្បទាន អ្នកទទួលដីមិនអាចយកដីនោះទៅលក់ដូរ ជួល ផ្ទេរ ប្រវ៉ាស់ ដាក់បញ្ចាំ ដាក់ធានា ឬធ្វើអំណោយបានឡើយ ហើយក្រោយពីរយៈពេល ០៥ ឆ្នាំ បងប្អូន នឹងទទួលបានកម្មសិទ្ធិស្របច្បាប់ លើដីសម្បទាននេះ ព្រមទាំងសំណូមពរមួយចំនួនដូចខាងក្រោម :១/សូម បងប្អូន មានការប្រុងប្រយ័ត្នខ្ពស់ បើស្រវឹង កុំ បើកបរ ត្រូវពាក់មួកសុវត្ថិភាព គ្រប់ពេល បើកបរម៉ូតូ ត្រូវគោរព ច្បាប់ ភ្លើងសញ្ញា ល្បឿន ឱ្យ បានត្រឹមត្រូវ និង ត្រួតពិនិត្យ យានយន្ត ឱ្យ បានល្អ មុនចេញដំណើរទៅណាមកណា ។២/សូម បងប្អូនកុំ ឆ្លងដែន ខុសច្បាប់ ទៅ ប្រទេស ជិតខាង ដូចជា ប្រទេស ថៃ និង ប្រទេស ឡាវ តាម ច្រក របៀង នានា និង សុំ កុំ ជឿតាមការ អូសទាញ របស់មេខ្យល់ ព្រោះ ប្រទេស ជិតខាង យើង នៅ បន្ត ដាក់ ប្រទេស ក្នុងគ្រាអាសន្ន នៅឡើយទេ បើ បងប្អូន ទៅ ដោយខុសច្បាប់ នឹង គ្មាន បានផលអ្វីឡើយ ។ និង សូម ឱ្យ សមត្ថកិច្ច តាមដាន ស្វែងរក និង ចាត់វិធានការផ្លូវច្បាប់ ចំពោះ មេខ្យល់ ទាំងអស់នោះ ។៣/ក្នុងឱកាសរដូវវស្សាឆ្នាំនេះ បានចូល មកដល់ហើយ សូមបងប្អូន ត្រៀមពូជដំណាំ ដាំដុះ មានស្រូវ មាន បន្លែ ផ្លែឈើ ផ្សេងៗ គួរ កុំរំពឹង លើ បន្លែ គីមី ដែលនាំចូល ពីប្រទេសជិតខាង ដែលនាំឱ្យ ខូចសុខភាពបងប្អូន ពីព្រោះ សុខភាពគឺ ជាកត្តាចម្បង គ្មានសុខភាព គ្មានអ្វីៗទាំងអស់ និង សូម បងប្អូន ប្រយ័ត្ន ផ្គររន្ទះ នៅពេល មានភ្លៀង ផ្គររន្ទះ សូម បិទទូរស័ព្ទ កុំ នៅ ទីវាល កុំ នៅក្រោម ដើមឈើ ត្រូវ រត់មកនៅក្នុងផ្ទះ និងទីកន្លែងសុវត្ថិភាព …ប្រយ័ត្នសត្វពាហនៈ គោ ក្របី កុំ ឱ្យចូល ស៊ីដំណាំក្នុងចំការគេ ក្រែង វាពុល ថ្នាំស្លាប់ បាត់បង់ផលប្រយោជន៍ … ។ល។ ៤/សូមអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា រក្សាបាននូវ ភូមិ-ឃុំ សុវត្ថិភាព គ្មានគ្រឿងញៀន គ្មាន ល្បែងស៊ីសង ជាពិសេស គ្មាន ឆ្នោត ខុសច្បាប់ គ្មានក្មេងទំនើង និង បទល្មើសផ្សេងៗទៀត ។

សូមបញ្ជាក់ផងដែរថា ការចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្មជូនប្រជាពលរដ្ឋថ្ងៃនេះ មានចំនួន ៩៩ ឡូតិ៍ ជូនបងប្អូន ប្រជាពលរដ្ឋចំនួន ៩៩ គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ១៩៨ ហិកតា ដោយ ០១ គ្រួសារ ទទួលបានដីកសិកម្ម ទំហំ ២ ហិកតា។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន