រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារអំពាវនាវឲ្យមានលើកកម្ពស់វិស័យអប់រំឲ្យកាន់តែរីកចម្រើន និងមានគុណភាពខ្ពស

នាព្រឹកថ្ងៃសុក្រ ០៧កើត ខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៨-២០១៩និងទិសដៅឆ្នាំសិក្សា២០១៩-២០២០ ដោយមានការចូលរួមពីនាយករដ្ឋបាលប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងមន្រ្តីនៃមន្ទីរអ់រំយុវជននិង
កីឡាខេត្តជាច្រើនរូប នៅមន្ទីរអ់រំយុវជននិងកីឡាខេត្ត។
មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអណរគុណជ្រាលជ្រៅ និងកោតសសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីអប់រំ គ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជន សហគមន៍មូលដ្ឋាន អាជ្ញាធរ ដែនដី និងដៃគូអភិវឌ្ឍនានា ដែលបានផ្តោតការយកចិត្តទុកដាក់ឲ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព គុណភាពអប់រំក្នុងខេត្ត។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកប ដោយការជឿទុកចិត្ត គ្នាក្នុងការបំពេញការងារនាឆ្នាំសិក្សាកន្លងទៅនេះ បានឆ្លុះបញ្ចាំងឲ្យឃើញលទ្ធផលប្រកប ដោយ ជោគជ័យនិងស្មារតីទទួលខុសត្រូវក្នុងបុព្វហេតុការអប់រំបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ បុគ្គលិកលក្ខណៈ អភិវឌ្ឍសង្គមគ្រួសាររួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។បន្ថែមពីនេះឯកឧត្តម អភិបាលបានលើកពីគោលនយោបាយអប់រំ គឺ ៖ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញ មួយជីវិតសម្រាប់ទាំងអស់គ្នា និងធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា ៖ នៅឆ្នាំ២០២០នេះ ក៏ជាឆ្នាំដែលអាស៊ានកំពុងអភិវឌ្ឍ ពីសមាគមទៅសហគមន៍ អាស៊ានហើយឈានទៅអនុវត្តខ្លឹមសារប្រធាន បទ «សហគមន៍តែមួយវាសនាតែមួយ»។ ឆ្លើយតប ទៅនឹង របត់ថ្មីរបស់អាស៊ាន រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់បង្កើនប្រាក់បៀវត្សរបស់មន្ត្រីរាជការ ជាពិសេសចំពោះស្ថាប័នអប់រំ។ ក្នុងស្មារតីនេះ ដើម្បីធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយ សមធម៌ និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ឯកឧត្តមបានសំណូមពរចាំបាច់មួយចំនួន ដូចខាងក្រោម ៖

  1. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវគោលនយោបាយ ច្បាប់បទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងធានាបាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមត្ថភាព បរិយាប័ន្ន សម្រាប់សិស្សានុសិស្សគ្រប់រូបស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
  2. គ្រឹះស្ថានសិក្សាគ្រប់រូបភាព ត្រូវធានាលទ្ធភាពក្នុងការផ្តល់ការអប់រំពេញលេញ និងមាន គុណភាព ដោយត្រូវបង្កើនការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន រៀបចំនិងជួស ជុល បន្ទប់រៀន សង្ហារឹម តុទូ កៅអី ក្តាខៀនទ្វារបង្អួច បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និង បរិក្ខារនានា ដើម្បីធានាថាសាលារៀនមានបរិស្ថានស្អាត អនាម័យប្រកបដោយនិរន្តរភាព និង ផាសុកភាព។
  3. សាលារៀនត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពក្នុងករណីមាន ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ កន្ត្រាក់បាក់សាលារៀនជាដើម ត្រូវធានារយៈពេលនៃការបង្រៀននិងរៀន ឲ្យបានពេញលេញ ស្របតាមកម្មវិធីសិក្សាដែលបានកំណត់។ ចំពោះសាលារៀនដែលមានការអនុវត្តកម្មវិធីនានា ត្រូវខិតខំបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត ដូចជាការផ្តល់អាហារូបករណ៍ដល់សិស្សជួប ការលំបាក ឬការផ្តល់អាហារពេលព្រឹកជាដើម។
  4. លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀតទាំងផ្នែកចំណេះ ដឹង និងវិធីបង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ មក បង្ហាត់បង្រៀនសិស្សបន្តទៀត។
  5. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែខ្លាំង បន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនានាជាពិសេស នៅកន្លែងដែលមានសេវាអប់រំ ពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក ឬក្រុមសិស្សងាយរងគ្រោះ។
  6. នាយកសាលាគ្រប់ភូមិសិក្សា គប្បីបង្កើតឱកាសជួបជុំជាមួយមាតាបិតា អាណាព្យាបាល និង អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីឲ្យគាត់បានផ្តោតការ យក ចិត្តទុកដាក់ក្រើនរំលឹកដាស់តឿន ជំរុញកូនចៅឲ្យមករៀនទៀងទាត់ ពិសេសសូមកុំអូសទាញកូន-ចៅឲ្យទៅជួយធ្វើការងារ ដោយ មិនឲ្យមករៀនសូត្រ។ ករណីនេះស្ថាប័នអប់រំត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ ថ្នាក់ ដើម្បីឲ្យគាត់ផ្តោតការយកចិត្តទុកដាក់ពិនិត្យឲ្យបានហ្មត់ចត់នៅក្នុងភូមិ-ឃុំ-ស្រុក ដែលជា ដែនសមត្ថកិច្ច របស់ខ្លួនដើម្បីចៀសវាងឲ្យបានជាអតិបរិមា អំពីបញ្ហាកុមារក្នុងវ័យសិក្សាមិនបាន រៀនសូត្រ ឲ្យ ចប់ កម្រិតអប់រំមូលដ្ឋាន៩ឆ្នាំ និងចៀសវាងឲ្យបានដាច់ខាត អំពីករណីពលកម្ម លើកុមារ ដែលជាទង្វើខុសច្បាប់។
  7. មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ត្រូវរួមចំណែកឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកប ដោយនិរន្តរភាពក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌។
  8. អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត
  9. ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ និងគាំទ្រផ្សេងៗទៀតសម្រាប់គ្រប់លទ្ធភាពព្រមទាំងជំរុញសិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការរៀនសូត្រ សារជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជនដែលមានការពិបាក ឲ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។
  10. នាយកសាលាគ្រប់គ្រឹះស្ថានសិក្សាទាំងអស់គប្បីបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់ គ្រងសម្ភារ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស គឺការចុះបញ្ជីដីសាលារៀន ដោយធ្វើទំនាក់ទំនងឲ្យ បានល្អ ជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងការចុះបញ្ជីដីរដ្ឋជាប្រព័ន្ធផងដែរ។
  11. លោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា គប្បីផ្តោតការយកចិត្តទុកដាក់ពង្រឹង លើការអនុវត្ត យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២៣ របស់ក្រសួង អប់រំ យុវជន និងកីឡាឲ្យ មានប្រសិទ្ធភាពខ្ពស់។
  12. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនតាមបែបរិះរក ដើម្បីរៀបចំឲ្យសិស្សមាន គុណសម្បទាសតវស្សរ៍ទី២១ ពោលគឺបង្រៀនសិស្សឲ្យមាន វិជ្ជាសម្បទា ចរិយាសម្បទា និង បំណិនសម្បទា។ វិជ្ជាសម្បទា សតវស្សរ៍ទី២១ គឺផ្តោតទៅលើ ការអាន សរសេរ គិតលេខ ភាសាបរទេស និងការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បំណិនសម្បទា គឺការត្រិះរិះពិចារណា ការធ្វើវិភាគ ច្នៃប្រឌិត ការចេះដោះស្រាយបញ្ហា និងការធ្វើសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ ចរិយាសម្បទា គឺ សំដៅលើការចង់ចេះចង់ដឹង ការចេះផ្តួចផ្តើម មានវិន័យ ទន់ភ្លន់ សុចរិត ស្មារតីទទួលខុសត្រូវខ្ពស់ ចេះប្រាស្រ័យទាក់ទង និងសហការជាក្រុម។ ដើម្បីឲ្យក្លាយទៅជា ពលរដ្ឋសាកលប្រកបដោយគុណភាព។

អត្ថបទទាក់ទង