រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកខេត្តព្រះវិហារធ្វើជាទីតាំងប្រារព្ធពិធីបើកបវេសនកាល ជានិមិត្តរូបទូទាំងប្រទេសនាឆ្នាំសិក្សាថ្មីនេះ

នាថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋមន្រ្តីស្តីទីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូប ។

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានសម្តេងក្តីសោមនស្សរីករាយដែលក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកខេត្តព្រះវិហារធ្វើជាទីតាំងប្រារព្ធពិធីបើកបវេសនកាល ជានិមិត្តរូបទូទាំងប្រទេសនាឆ្នាំសិក្សាថ្មីនេះ។ នេះគឺជាការផ្ដល់កិត្តិយសដ៏ប្រសើរសម្រាប់ខេត្តព្រះវិហារដែលជាខេត្តមានទីតាំងជាប់ព្រំដែន និងជាខេត្តដាច់ស្រយាល។ ឯកឧត្តមអភិបាលបន្ថែមថា ឆ្នាំនេះ គឺជាខួបលើកទី ៤០ នៃថ្ងៃរស់ឡើងវិញ នៃវិស័យអប់រំ យុវជន និងកីឡា ក្រោយពីរបបកម្ពុជា ប្រជាធិបតេយ្យត្រូវបានផ្ដួលរំលំក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នគឺ គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញជាវិស័យអទិភាព ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ អាណត្តទី៥និងអាណត្តិទី៦នេះ ការអភិវឌ្ឍធនធានមនុស្ស ដែលស្នូលដ៏មានសារៈសំខាន់នៃការអភិវឌ្ឍជាតិ ប្រកដោយនិរន្ត៍ភាពជាពិសេសការសម្រេចបាននូវគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលចំណូលខ្ពស់ឆ្នាំ២០៥០ ។ជាក់ស្តែងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨~២០១៩ ក្នុងចំណោមសិស្សានុ សិស្សចូលរួមប្រឡងចំនួន ១.៣១៧នាក់ ស្រី ៦៥៨នាក់ បានប្រឡងជាប់ ១.០៦១នាក់ ស្រី ៥៦០នាក់ ត្រូវជា ៨០,៥៦% ក្នុងនោះនិទ្ទេសB ចំនួន ១៥នាក់ ស្រី ១០នាក់ និទ្ទេសC ចំនួន ៧២នាក់ ស្រី ៣៧នាក់ និទ្ទេសD ចំនួន ២៣៩នាក់ ស្រី ១៥៣នាក់ និងនិទ្ទេសE ចំនួន ៧៣៥នាក់ ស្រី ៣៥០នាក់ ។
លើសពីនេះទៀតក្នុងដំណើរទស្សនកិច្ចចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំង២៥ រាជធានី ខេត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ សម្តេចបាន ផ្តល់ជូនសមិទ្ធផលក្នុងខេត្តព្រះវិហារដូចជា៖អគារសិក្សាចំនួន ១៧ខ្នង ស្មើនឹង ២៦១បន្ទប់
ទីចាត់ការចំនួន ១៦ខ្នង ស្មើនឹង ៤៨បន្ទប់
ផ្ទះសំណាក់គ្រូ-សិស្សចំនួន ៧ខ្នង ស្មើនឹង ១៤០បន្ទប់ ខ្លោងទ្វារចំនួន ១៥កន្លែង ធ្វើតារាងបាល់បោះ បាល់ទះ បាល់ទាត់ ធ្វើរបងចាក់បេតុងពីមុខអគាសិក្សា ពីផ្លូវចូលខ្លោងទ្វារ រហូតដល់អគារ និងធ្វើដងទង់ជាតិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ពិតចំណាន រដ្ឋមន្រ្តីស្តទីក្រសួងអប់រំយុវជន និងកីឡា
ស្នើសុំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារិកិច្ចក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន សហគមន៍ អាជ្ញាធរដែនដី បន្តជួយឧបត្ថម្ភគាំទ្រវិស័យអប់រំ ជាពិសេសសាលារៀន មាតាបិតាសិស្ស ត្រូវជម្រុញកូនឲ្យមករៀន និងជួយបង្រៀនកូនតាមផ្ទះ ការទំនាក់ទំនងល្ជាមួយគណៈកម្មការគ្រប់គ្រងសាលា ក្នុងការតាមដានលទ្ធផលការសិក្សាកូន ចៅ ចំពោះសិស្សានុសិស្សគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អសម្រាប់សង្គមជាតិនាថ្ងៃអនាគត ។

អត្ថបទទាក់ទង