រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

គ្រួសារកងទ័ពវរៈសេនាតូច៣៩២សរុប១,៩២៧នាក់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៩នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ព សរុបចំនួន ១,៩២៧នាក់ដោយឥតគិតថ្លៃ។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងវរសេនាតូចលេខ ៣៩២ ស្ថិតនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុពិធីនេះដែរ ក៏មានការចូលរួមពីឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការជួរមុខប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងក្រុមការងារ។

លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ សំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ពគ្រប់ទីកន្លែង។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។

ជាមួយគ្នានោះដែរក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តបន្ថែមវាស់ភ្នែក ចែកជូនវែនតាសម្រាប់លោកយាយ លោកតាចំនួន ៣០០នាក់, ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, សំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ០៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅថ្ងៃនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់៕

អត្ថបទទាក់ទង