រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តព្រះវិហារស្នើសុំឲ្យចូលរួមទាំងអស់គ្នាអភិរក្សមច្ឆាជាតិប្រកបដោយនិរន្តរភាពដើម្បីយើងទាំងអស់គ្នា

នាព្រឹកថ្ងៃ០៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារអញ្ជើញជាអធិបតី ភាពក្នុងឪកាសទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ ២០១៩នៅស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋត្រូវតែចូលរួមទាំងអស់គ្នា ដោយត្រូវចាត់ទុកថាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល និងការការពារបរិស្ថានជលផល ដែលនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់និងមានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិត មនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើនសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗទៀត ពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ ត្រូវដើរទន្ទឹមគ្នាទៅនឹងកំណើនប្រជាជន ដែលកត្តាទាំងពីរនេះត្រូវមានតុល្យភាពគ្នាខានពុំបានឡើយ។ ក្នុងន័យនេះ ការបង្កើនឆន្ទៈ ការបេ្តជ្ញាចិត្ត និងការចូលរួមពីសំណាក់ប្រជាជននៅតាមមូលដ្ឋានតាមរយៈការជួយជ្រោមជ្រែងតាមគ្រប់រូបភាព ពីស្ថាប័នបច្ចេកទេសពាក់ព័ន្ធ ជាករណីយកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្រោមចក្ខុវិស័យតែមួយ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព។

ដើម្បីពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យជលផលឱ្យមានចីរភាពនោះ ឯកឧត្តមអភិបាល ខេត្តព្រះវិហារបានផ្តល់នូវអនុសាសន៍សម្រាប់ជាត្រីវិស័យយកទៅ អនុវត្តពេលខាងមុខដូចតទៅ៖
១-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀតចំពោះការប្រើប្រាស់ប្រភេទឧបករណ៍នេសាទខុសច្បាប់ដូចជាការនេសាទដោយឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម។
២-ពង្រឹង និងជម្រុញឡើងវិញ ចំពោះស្រះជម្រកត្រីសហគមន៍ដែលបានបង្កើតហើយ និងបន្តបង្កើតថ្មីបន្ថែមទៀត ឲ្យបានច្រើនដល់មូលដ្ឋានភូមិឃុំក្នុងទូទាំងខេត្ត នេះជាវិធីសាស្រ្តធ្វើឱ្យត្រីសំបូរឡើងវិញ ជម្រុញឱ្យមានកន្លែងអភិរក្សពូជត្រីនៅក្នុងសហគមន៍នីមួយៗ ដើម្បីជួយបង្កើនត្រីមេពូជឲ្យបានច្រើនសម្រាប់ពងកូនបន្តពូជ។
៣-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអប់រំ និងផ្តល់សេវាបច្ចេកទេសដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងសហគ្រាសបន្ថែមទៀត។
៤-បន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការគ្រប់គ្រងកន្លែងអភិរក្សជលផល ឱ្យបានល្អប្រសើរ និងបន្តការបង្ក្រាបបទល្មើសជលផល តទៅទៀតនិងជាប្រចាំ ដោយចាត់វិធានការគ្រប់បែបយ៉ាងសហការវាងអ្នកពាក់ព័ន្ធ ហើយត្រូវធ្វើឱ្យបានគ្រប់ទីកន្លែង ដូចភ្លៀងរលឹមដោយផ្តោតជាសំខាន់លើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំងដូចជាឧបករណ៍ឆក់ និងឧបករណ៍ស្បៃមុងជាដើម។
៥-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ជាពិសេសការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុកដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្រ្តភូមិមួយផលិតមួយផងដែរ។
ជាចុងក្រោយខ្ញុំសូមអំពាវនាវដល់អាជ្ញាធរដែនដីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ស្រុក ឃុំ ភូមិ ផ្នែកឯកជន និងអង្គភាពនានា សូមចូលរួមឱ្យបានសកម្មថែមទៀត ក្នុងចលនា លែង កូនត្រីនេះនៅគ្រប់កន្លែងតាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណី លែង កូនត្រី ដើម្បីជាការពញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋយើង ក៏ដូចជាការបង្កើនផលត្រីផងដែរ។

អត្ថបទទាក់ទង