រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្ត ប្រារព្ធពិធីប្រកាសតែងតាំងប្រធានកត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជន ១២០នាក់

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិតគូដល់សុខទុក្ខបងប្អូន និងឲ្យលោកផ្ទាល់ ក្នុងនាមអគ្គលេខាធិការ ដែលជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ចុះជួប និងដោះស្រាយបញ្ហាជូនបងប្អូន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ នៅក្នុងខេត្តទាំងមូល ធ្វើឲ្យការងារសមាគមដំណើរការទៅគួរឲ្យកត់សម្គាល់។តាមរបាយការណ៍ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមកសមាគមអតីតយុទ្ធជនខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣ គ្រួសារ ក្នុងមួយគ្រួសារ៤លានរៀល, បានសាងសង់ផ្ទះអំណោយសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកបាន៦៤ខ្នង។

ចំពោះការងារត្រូវធ្វើបន្តនាពេលខាងមុខ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់៖*ទី១៖ បន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា យកចិត្តទុកដាក់អ្នកដែលរងការលំបាកពីជំងឺ COVID-19។*ទី២៖ ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរៀបចំកសាង ទីស្នាក់ការអតីតយុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួនដើម្បីមានកន្លែងធ្វើការរបស់ខ្លួន។ ដោយឡែក មេប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់សមាជិកអតីតយុទ្ធជន នៅក្នុងឃុំរបស់ខ្លួន*ទី៣៖ ថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត រៀបចំលិខិតស្នើសុំដីទៅក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំសម្តេចតេជោ កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ដែលនៅសល់ចំនួន១៦៦គ្រួសារ ជាបន្តទៀត។*ទី៤៖ សូមឲ្យអតីតយុទ្ធជនត្រូវរួមសាមគ្គី ឯកភាពគ្នាជឿជាក់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វើជាភ្នាក់ងាររាយការណ៍ ឲ្យប៉ុស្តិ៍រដ្ឋបាលដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់។

ជាចុងក្រោយ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានឧបត្ថម្ភបងប្អូនអតីតយុទ្ធជន ទាំង១២០នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល និងអង្ករ២៥គីឡួក្រាមផងដែរ៕