នារសៀលថ្ងៃចន្ទ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង វុត្ថា និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីការចំណុះរចនាសម្ព័ន្ធសាលាខេត្ត ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមន្ត្រីជាច្រើនរូបនៅសាលាខេត្តព្រះវិហារ។
បន្ទាប់ពីបានស្ដាប់ពីគោលបំណងរបស់ក្រុមអធិការកិច្ចនៃអគ្គនាយកដ្ឋានអន្តោវេសន៍ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម គីម រិទ្ធីអភិបាលខេត្ត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដែលបានសហការយ៉ាងល្អជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តចុះអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាពិសេសការចុះអធិការកិច្ចហត្ថពលកម្មបរទេសតាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងខេត្តព្រះវិហារ នាពេលនេះ។
ឯកឧត្តមបន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្តនឹងចូលរួមសហការគាំទ្រសម្របសម្រួលក្នុងករណីមានបញ្ហាប្រឈមក្នុងការបំពេញការងារអធិការកិច្ចនៅពេលនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងជោគជ័យបេសកកម្មនេះ ។